ឯកឧត្ដម ប្រាក់ សុខុន៖ ស្ថានទូតរុស្ស៊ីនៅភ្នំពេញបានបញ្ជាក់ពីការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសខ្លួន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានលើកឡើងថា កម្ពុជាបានដាក់លិខិតអញ្ជើញ ឯកឧត្តម Sergei Lavrov រដ្ឋមន្រ្ដីការបរទេសសហព័ន្ធរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ខាងមុខ ស្របពេលជាមួយនឹងលិខិតអញ្ជើញរដ្ឋមន្រ្ដីការបរទេសនានាដែរ ហើយស្ថានទូតរុស្ស៊ីនៅភ្នំពេញ ក៏បានបញ្ជាក់ពីការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសខ្លួន នៅក្នុងកិច្ចប្រជុំនៅកម្ពុជានេះហើយ។ ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីនេះ ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ស្ដីពីការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ។